សូម្បីតែគ្រូទាយក៏ឆ្លងជំងឺកូវីដ-១៩ដែរ

(ភ្នំពេញ)៖ គ្រូទាយបៀរម្នាក់នៅរាជធានីភ្នំពេញ បានឆ្លងជំងឺកូវីដ-១៩ ដែលស្ថិតក្នុងចំណោមអ្នកឆ្លង ១០៣នាក់ ដែលរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសនៅព្រឹកថ្ងៃ៨ ខែមេសា ឆ្នាំ២០២១។ គ្រូទាយបៀរម្នាក់នេះមានឈ្មោះ ខៀវ ផល្លា ភេទស្រី អាយុ ៥៤ឆ្នាំ នៅផ្ទះលេខ១៤៣ E4z ផ្លូវលេខ១២៨ ភូមិ៦ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមរបាយការណ៍របស់ដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ជំងឺកូវីដ-១៩ បានផ្ទុះឡើងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញយ៉ាងធ្ងន់ធ្ងរ ដែលមានចំនួនអ្នកឆ្លងជាប្រចាំថ្ងៃច្រើនជាងគេ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ផងដែរ។ ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ សម្រាប់នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញមានអ្នកឆ្លងចំនួន ១០៣នាក់។

ក្រៅពីនេះអាជ្ញាធររាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ-១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕