អ្នកនាំពាក្យក្រសួងព័ត៌មាន ច្រានចោលនូវព័ត៌មានប្រឌិតដែលផ្សព្វផ្សាយថា លោក ម៉ៅ អាយុទ្ធ ស្លាប់ដោយជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះថា ក្រសួងព័ត៌មាន ប្រកាសច្រានចោលចំពោះព័ត៌មាន ដែលបានបង្ហោះ និងផ្សព្វផ្សាយថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព គឺជាព័ត៌មានមិនពិត។

លោក មាស សោភ័ណ្ឌ បានបញ្ជាក់ទៀតថា ដោយមានការយកចិត្តទុកដាក់ថែទាំ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ ស្ថានភាពជំងឺលោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន នាពេលបច្ចុប្បន្ននេះគឺធម្មតា លោកនៅកម្រើកដៃជើង នឹងដឹងខ្លួនជាធម្មតា លោកអាចពិសារអាហារ និងភេសជ្ជៈប៉ូវកម្លាំងជាធម្មតា ។

ទន្ទឹមនឹងនេះដែរ គ្រូពេទ្យដែលប្រចាំការព្យាបាលជំងឺឲ្យលោកផ្ទាល់ ក៏បានប្រាប់ដល់ក្រុមគ្រួសារ សូមឲ្យជួយទិញទឹកដោះគោ (អេនសួរ) ដែលមានប្រូតេអ៊ីនខ្ពស់ យកមកបញ្ចុកលោក នៅពេលរសៀល និងពេលថ្ងៃត្រង់ ។

លើសពីនេះទៀត ក្រុមគ្រួសារលោក ម៉ៅ អាយុទ្ធ ដែលមិនជាប់ធ្វើចត្តាឡីស័ក បានទៅទិញយកទៅជូនគ្រូពេទ្យ ទុកសម្រាប់ឲ្យលោក ពិសាររួចរាល់អស់ហើយ៕