អាជ្ញាធររាជធានីភ្នំពេញ ប្រាប់ឱ្យអ្នកពាក់ព័ន្ធនៅផ្សារអូរឬស្សីទៅធ្វើតេស្តរកកូវីដជាបន្ទាន់ ក្រោយរកឃើញអ្នកឆ្លងជាង ១០០នាក់

(ភ្នំពេញ)៖ បន្ទាប់ពីការសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពវិវឌ្ឍនៃការរីករាលដាលជំងឺកូវីដ-១៩ក្នុងមូលដ្ឋាននេះ ជាពិសេសក្នុងចំណោមអាជីវករ សន្តិសុខ និងបុគ្គលិក អ្នកបម្រើការងារក្នុងផ្សារ ដែលមានការឆ្លងជាបន្តបន្ទាប់សរុបត្រឹមរយៈពេល ៤ថ្ងៃ បានរកឃើញអ្នកតេស្តវិជ្ជមានជំងឺកូវីដ-១៩ ប្រមាណជាង ១០០នាក់។

ដើម្បីឈានទៅកាត់ផ្តាច់ប្រភពចម្លង និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឬស្សី រដ្ឋបាលរាជធានីភ្នំពេញ បានក្រើនរំលឹក និងណែនាំដូចខាងក្រោម៖

១-ដើម្បីចៀសវាងការពិន័យអន្តរការណ៍ និងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន អាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារនេះ គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១មក ដែលមិនទាន់បានទៅយកសំណាកត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់នៅក្នុងបរិវេណវិទ្យាល័យបាក់ទូក និងត្រូវអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺត្រូវនៅក្នុងផ្ទះ បន្ទប់ដាច់ដោយឡែកគ្រប់ពេលវេលាទាំងអស់ក្នុងរយៈពេល ១៤ថ្ងៃ ហាមដាច់ខាតដើរចេញក្រៅផ្ទះ ឬ បន្ទប់ ឬ ទីកន្លែងដែលខ្លួនត្រូវធ្វើចត្តាឡីស័ក។

២-ចំពោះអាជីវករ សន្តិសុខ និងបុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ ដែលមិនព្រមសហការទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ តាមការណែនាំទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យបន្តអាជីវកម្មលក់ដូរ ឬចេញ-ចូលបម្រើការងាររបស់ខ្លួនឡើយ នៅពេលដែលផ្សារនេះត្រូវបានបើកដំណើរការជាប្រក្រតីឡើងវិញ។

៣-ចំពោះប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅក្បែរខាងជាមួយអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករ បម្រើការងារក្នុងផ្សារអូរឫស្សី ក្នុងកាលៈទេសៈនេះ ដាច់ខាតក៏មិនត្រូវជួបប្រាស្រ័យទាក់ទងជាមួយគ្នាឡើយ និងត្រូវចូលរួមមើលពីការអនុវត្តវិធានចត្តាឡីស័ករបស់ពួកគាត់។ ក្នុងករណីឃើញថា មានបុគ្គលមិនព្រមអនុវត្ត ឬអនុវត្តមិនបានពេញលេញតាមវិធានកត្តាឡីស័ក សូមប្រជាពលរដ្ឋធ្វើការណែនាំ និងងរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ឬទំនាក់ទំនងទៅកាន់លេខ ១២៩៨ ហើយរដ្ឋបាលរាជធានីភ្នំពេញរក្សាការសម្ងាត់ជូន ដើម្បីឱ្យរដ្ឋបាលមូលដ្ឋានចាត់វិធានការបានទាន់ពេលវេលា ចៀសវាងការចម្លងជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ ទៅក្នុងមូលដ្ឋានភូមិ-សង្កាត់ដែលខ្លួនកំពុងរស់នៅ។

៤-អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលជាអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធកំពុងរស់នៅក្នុងមូលដ្ឋាយដែនដីដែលខ្លួនគ្រប់គ្រង ត្រូវចុះផ្សព្វផ្សាយ ជំរុញឱ្យអ្នកពាក់ព័ន្ធទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ និងត្រូវដាក់កម្លាំងគ្រប់គ្រងឃ្លាំមើល ណែនាំ និងមានចំណាត់ការឱ្យបានទាន់ពេលវេលា ដើម្បីធានាថាពួកគាត់ពិតជាអនុវត្តយ៉ាងខ្ជាប់ខ្ចួនតាមវិធានចត្តាឡីស័ក និងការណែនាំរបស់ក្រសួងសុខាភិបាល៕