ក្តៅៗ!! ស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ២នាក់ទៀត នៅមន្ទីរពេទ្យហ្លូងម៉ែ

(ភ្នំពេញ)៖ បុរសជនជាតិខ្មែរចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមក្រសួងសុខាភិបាល បានសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា បុរសទាំង២នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នោះ ជាបុរសជនជាតិខ្មែរ អាយុ៦៨ឆ្នាំ រស់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានស្លាប់នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១និង៤០នាទីរំលងអាធ្រាត្រ និងម្នាក់ទៀតជាបុរសជនជាតិខ្មែរ អាយុ៤៩ឆ្នាំ រស់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានស្លាប់នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង៥៥នាទីព្រឹក។

-ករណីបុរសជនជាតិខ្មែរ ដែលមានអាយុ ៦៨ឆ្នាំ បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ជាតិ សុខភាពសាធារណៈ ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី០៧ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ០១៖៣០នាទីរំលងអាធ្រាត ពេលមកដល់មន្ទីរពេទ្យអ្នកជំងឺស្ថិតនៅក្នុងស្ថានភាពគ្មានសញ្ញាជីវិត សន្លប់បាត់បង់ស្មារតី ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះដោយធ្វើចលនាបេះដូង និងជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០៧ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១៖៤០នាទីរំលងអាធ្រាត។

-ករណីបុរសជនជាតិខ្មែរអាយុ៤៩ឆ្នាំ អ្នកជំងឺត្រូវបានបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈដូចគ្នា ពេលមកដល់មន្ទីរពេទ្យ អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្រុមគ្រូពេទ្យបានខិតខំធ្វើការព្យាបាលតាមលក្ខណៈបច្ចេកទេស យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរការវិវត្តជំងឺពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១៖៥៥នាទី អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិត។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដដែល បានអះអាងថា បុរសទាំង ២នាក់ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ១៩។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៣០២៨នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២៤៩៦នាក់, អ្នកជាសះស្បើយចំនួន ១៩១៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១០៨៥នាក់, អ្នកស្លាប់ចំនួន ២៤នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕