សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតជូនជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

(ភ្នំពេញ)៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងឈានចូលមកដល់ដែលប្រព្រឹត្តទៅនាថ្ងៃពុធ ៣កើត, ថ្ងៃព្រហស្បតិ៍ ៤កើត និងថ្ងៃសុក្រ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ,១៥ និង១៦ ខែមេសា ឆ្នាំ២០២១ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែចេញសារលិខិតជូនដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីនេះ។ នៅឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅដែរ ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ឱ្យជួបតែសិរីសួស្តី និងជ័យមង្គលដ៏ឧត្តុង្គឧត្តមក្នុងក្រុមគ្រួសារ និងសង្គមជាតិ។

តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

ពិធីបុណ្យចូលឆ្នាំថ្មីនៅឆ្នាំនេះ នៅចំពេលដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងយ៉ាងស្រួចស្រាវជាមួយនឹងជំងឺកូវីដ១៩ ដែលកើតមាននៅកម្ពុជា ក៏ដូចជាពិភពលោក។ សម្តេចតេជោ បានគូសរំលេចពីកិច្ចខិតខំប្រឹងប្រែងក្នុងការយកឈ្នះលើជំងឺកូវីដ១៩ ដើម្បីថែរក្សាសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុខភាពសាធារណៈ។ ជាពិសេសការប្រឹងប្រែងរក្សាស្ថេរភាពសង្គម ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរពីជំងឺនេះជាដើម។

សម្តេចតេជោ ក៏បានប្តេជ្ញាការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរ និងបន្តជំរុញអនុវត្តយ៉ាងម៉ឹងម៉ាត់រាល់ភារកិច្ចដែលបានដាក់ចេញ ដើម្បីអភិវឌ្ឍជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាចៀសផុតពីជំងឺឆ្លងកាចសាហាវកូវីដ១៩ ដែលកំពុងយាយីដល់សុខមាលភាពរបស់ប្រជាជន។