ឆ្លងច្រើនណាស់! ផ្ទុះករណីឆ្លងកូវីដក្នុងរោងចក្រ«ឌីនហាន»នៅខណ្ឌមានជ័យ កម្មករជិត៥០នាក់រកឃើញមានវិជ្ជមានកូវីដ១៩

(ភ្នំពេញ)៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅយប់ថ្ងៃទី០៧ ខែមេសានេះបានបញ្ជាក់ថា គិតត្រឹមវេលាម៉ោងជិត៩យប់ ថ្ងៃទី០៧ ខែមេសានេះ ក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានកូវីដ-១៩លើកម្មករជិត៥០នាក់ នៅឯរោងចក្រកាត់ដេរមួយកន្លែងឈ្មោះ «ឌីន ហាន»។ រោងចក្រនេះមានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានFresh News។

ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់កម្មករកម្មការនីទាំងអស់ដែលបម្រើការនៅរោងចក្រខាងលើនេះ ឲ្យទៅយកសំណាកដើម្បីពិនិត្យរកមេរោគកូវីដ-១៩ជាបន្ទាន់ នៅយប់នេះ និងថ្ងៃស្អែកជាកំហិត។ ដោយឡែក បើមិនទៅយកសំណាកដើម្បីពិនិត្យទេនោះ នឹងមិនអនុញ្ញាតឲ្យចូលធ្វើការឡើយ។

មិនតែប៉ុណ្ណោះ អាជ្ញាធររាជធានីភ្នំពេញក៏បានស្នើដល់សាច់ញាតិ ឬមិត្តភក្តិរបស់កម្មករទាំងនោះ ត្រូវជួយណែនាំឲ្យពួកគេធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃតាមចំនួនកំណត់ ហើយបើធ្វើមិនបានត្រឹមត្រូវទេ នឹងទទួលទោសពិន័យតាមច្បាប់ជាក់ជាមិនខានឡើយ។

បើយោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌមានជ័យបានឲ្យដឹងថា រោងចក្រ«ឌីន​ ហាន»ខាងលើនេះ មានកម្មករកំពុងបម្រើការងារចំនួន ២,៥៦២នាក់។ ម្យ៉ាងទៀត នៅយប់ថ្ងៃទី០៧ ខែមេសានេះដែរ អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ក៏ដូចជាមន្រ្តីសុខាភិបាល បាននិងយកសំណាកទៅលើកម្មករនៅក្នុងរោងចក្រផ្ទាល់តែម្តង ដើម្បីស្វែងរកអ្នកដែលបានឆ្លងកូវីដ-១៩បន្តទៀត៕