បុរសម្នាក់ សម្លាប់ប្រពន្ធខ្លួនឯង ដោយសារតែឧស្សាហ៍ជេរ និងសរសើរប្តីមុននៅចំពោះមុខជាញឹកញយ

(បាត់ដំបង)៖ កម្លាំងអធិការនគរបាលក្រុងបាត់ដំបង នៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ុល ប៊ុនធឿន ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅផ្ទះជួលស្ថិតនៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវជុំវិញករណីឃាតកម្មសម្លាប់ប្រពន្ធរបស់ខ្លួន។

ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យនេះ គឺអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលស្ថិតក្នុងក្រុមទី០១ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានកាភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រទះឃើញស្រី្តឈ្មោះ សេង វ៉េត ហៅ ស អាយុ៣៩ឆ្នាំ បានដេកស្លាប់ក្នុងបន្ទប់ជួលខាងលើក្នុងសភាពហើមខ្លាំង និងធំក្លិនមកខាងក្រៅ ដោយមិនដឹងពីមូលហេតុ។ ផ្តើមចេញពីបញ្ហានេះ និងមានមូលដ្ឋានបង្ហាញពីការសង័្សយខ្លាំងចំពោះការស្លាប់របស់ស្រ្តីរូបនេះ ទើបសមត្ថកិច្ចឈានដល់ការនាំខ្លួនបុរសខាងលើដែលត្រូវជាប្តីរបស់ជនរងគ្រោះមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល បុរសជាប្តីឈ្មោះ ប៉ុល ប៊ុនធឿន បានឆ្លើយសារភាពថា គាត់ពិតជាបានសម្លាប់ស្រី្តជាប្រពន្ធរបស់គាត់ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នាវេលាយប់រំលងអាធ្រាត្រដោយការវាយដំលើផ្ទៃមុខនិងច្របាច់ករហូតដល់ស្លាប់។ ចំពោះមូលហេតុដែលឈានដល់ការសម្លាប់ប្រពន្ធបែបនេះ គឺដោយសារប្រពន្ធគាត់តែងតែជេរប្រមាថគាត់នៅពេលខឹង ហើយតែងតែទូរស័ព្ទទៅរកប្តីមុន (អតីតស្វាមី) របស់គាត់ និងនិយាយសរសើរប្តីមុននៅចំពោះមុខគាត់ជាញឹកញយ។

តាមការរៀបរាប់ជនសង្ស័យរូបនេះ បានឱ្យដឹងទៀតថា រូបគាត់និងស្រី្តរងគ្រោះទើបនឹងបានគ្នាជាប្តីប្រពន្ធក្នុងរយ:ពេលតែជាងមួយឆ្នាំប៉ុណ្ណោះ ហើយស្រ្តីជាប្រពន្ធនេះមានទីលំនៅឯខេត្កកណ្តាល ហើយគាត់បានគ្នាក្នុងពេលធ្វើកម្មកររោងចក្រនៅខេត្តតាកែវជាមួយគ្នា និងទើបមកជួលបន្ទប់ស្នាក់នៅទីនេះក្នុងអំឡុងខែមីនា ឆ្នាំ២០២១តែប៉ុណ្ណោះ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីបញ្ជូនបន្តទៅកាន់តុលារការអនុវត្តតាមផ្លូវច្បាប់៕