ចាប់ខ្លួនស្ត្រីមានផ្ទៃពោះ៧ខែម្នាក់ សង្ស័យប្លន់ស្ត្រីម្នាក់យកខ្សែករ១ម្លឹង នៅខេត្តសៀមរាប

(សៀមរាប)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទួលផែនបទល្មើសព្រហ្មទណ្ឌ និង លោក សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានចុះចាប់ខ្លួនស្ត្រីម្នាក់ ដែលមានផ្ទៃពោះ ៧ខែ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។

តាមរយៈរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានឱ្យដឹងថា ការចាប់ខ្លួននេះបានធ្វើឡើងក្នុងភូមិសាស្ត្រ ស្រុកអង្គរជុំ ខេត្តសៀមរាប ហើយយកទៅសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ក្រោយជាប់ពាក់ព័ន្ធករណីប្លន់ស្ត្រីរងគ្រោះកាលពីមួយសប្ដាហ៍មុននៅស្រុកអង្គរជុំ ដោយបានញាត់ក្រដាស់ជូតមាត់ រួចចាក់កាវវិទ្យាសាស្ត្រ៥០២ ចូលទៅក្នុងមាត់ជនរងគ្រោះ រួចប្លន់យកខ្សែក។

លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បានបញ្ជាក់ថា ស្ត្រីសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះស៊ើបអង្កេតស្រាវជ្រាវឈានដល់ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ មានឈ្មោះ គុណ ហួច អាយុ ២៨ឆ្នាំ រស់នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប (មានផ្ទៃពោះ ៧ខែ)។ ក្រោយចាប់ខ្លួន ស្ត្រីជាជនសង្ស័យរូបនេះបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចជំនាញថា ខ្លួនពិតជាបានធ្វើសកម្មភាព ដោយយកកាវ៥០២ ចាក់ចូលក្នុងមាត់ជនរងគ្រោះ និងបានលួចយកខ្សែក ដែលជនរងគ្រោះពាក់ពិតប្រាកដមែន។

គួររម្លឹកថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ យ៉ម រួម ភេទស្រី អាយុ ៦៧ឆ្នាំ រស់នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប នៅក្នុងផ្ទះរបស់គាត់តែម្នាក់ឯង រហូតដល់ម៉ោង ១២:៣០នាទី រសៀលថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានស្ដារពាងទឹក ដើម្បីហៅគេដឹកទឹកមកដាក់ឱ្យ។ ពេលគាត់ស្ដារពាងរួចគាត់បានចងអង្រឹងដេកនៅមុខផ្ទះរបស់គាត់ជាប់នឹងផ្លូវ ខណៈពេលនោះ គាត់ដេកបានមួយសន្ទុះ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ បានទៅច្របាច់មាត់ជនរងគ្រោះ ញាត់ក្រដាស់ជូតមាត់ ហើយចាក់កាវ៥០២ ចូលទៅក្នុងមាត់ជនរងគ្រោះ ពេលដែលជនរងគ្រោះកំពុងតែដេកលក់នៅលើអង្រឹង បណ្ដាលឱ្យជនរងគ្រោះ វង្វេងស្មារតី និយាយមិនកើត ហើយជនសង្ស័យបានដោះយកខ្សែកមាសពីជនរងគ្រោះទម្ងន់ ១តម្លឹង រួចរត់គេចខ្លួនបាត់តែម្ដង។

លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង ក៏បានបញ្ជាក់ទៀតថា ករណីនេះ ស្ត្រីសង្ស័យធ្វើសកម្មភាពដោយសារជនរងគ្រោះ ជាគូរទំនាស់ជាមួយម្ដាយឪពុករបស់ស្ត្រីសង្ស័យកាលពី ២ឆ្នាំមុន នេះជារឿងគំនុំផងដែរ។ ទោះយ៉ាងនេះក៏ដោយ បច្ចុប្បន្ន ស្ត្រីសង្ស័យ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ចំណែកវត្ថុតាងត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕