



លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកដឹកនាំរឿង «ហ្លូងព្រះស្ដេចកន» រឿង «នេសាទក្រពើ» និងរឿងល្បីៗជាច្រើនទៀត ត្រូវបានគេរកឃើញថាវិជ្ជមានជំងឺកូវីដ-១៩។ ព័ត៌មានបឋមពីគ្រូពេទ្យជំនាញបានប្រាប់ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ថា លោក ម៉ៅ អាយុទ្ធ ត្រូវបានគ្រូពេទ្យដឹកយកទៅសម្រាកព្យាបាលជំងឺផ្លូវដង្ហើមនេះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហើយ។
ប្រភពដដែលបញ្ជាក់ថា លោក ម៉ៅ អាយុទ្ធ មានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពិតបានឆ្លងកូវីដ-១៩ ហើយលោកបានចូលសម្រាក និងព្យាបាលជំងឺកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។
លោក ម៉ៅ អាយុទ្ធ ត្រូវបានគេស្គាល់ថាជាមន្រ្តីជាន់ខ្ពស់ម្នាក់ និងជាផលិតករភាពយន្តដ៏ល្បីឈ្មោះ១រូប ក្នុងចំណោមផលិតករជើងខ្លាំងដ៏ទៃទៀត ដោយមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ ក្នុងនោះមានស្នាដៃផលិតខ្សែភាពយន្តខ្សែវីដេអូចម្រៀងកាយវិការកំណាព្យប្រលោមលោកជាដើម។
ខ្សែភាពយន្តដ៏ល្បី ដែលជាស្នាដៃរបស់លោក និងមានភាពល្បីល្បាញនោះ គឺរឿង”នេសាទក្រពើ” កាលពីអំឡុងឆ្នាំ២០០៣ និងរឿង “ហ្លួងព្រះស្តេចកន” កាលពីឆ្នាំ២០១៦កន្លងទៅ៕
សម្រួលដោយ ៖ ឡាយ កុល