ការនាំចេញរបស់កម្ពុជា ក្នុងឆ្នាំ២០២០ មានទំហំទឹកប្រាក់សរុបជាង ១៧ពាន់លានដុល្លារ កើនឡើង១៦ភាគរយ

ភ្នំពេញ៖ តាមស្ថិតិរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញឲ្យដឹងថា ក្នុងឆ្នាំ២០២០ ការនាំចេញរបស់កម្ពុជា មានតម្លៃទឹកប្រាក់សរុប ១៧,២១ពាន់លានដុល្លារអាមេរិក បានកើនឡើង ១៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៩កន្លងទៅ។ កំណើននេះ មួយផ្នែកត្រូវបានរុញច្រានដោយការនាំចេញផលិតផលកសិកម្មសំខាន់ៗទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ ទោះបីជាពិភពលោកស្ថិតក្នុងស្ថានភាពញាំញីដោយជំងឺកូវីដ ១៩ក៏ដោយក្តី។

ចំណែកការនាំចូលរបស់កម្ពុជា នៅក្នុងឆ្នាំ២០២០ មានតម្លៃទឹកប្រាក់សរុបប្រមាណ ១៨,៥៩ពាន់លានដុល្លារអាមេរិក។ តួលេខនេះ បានធ្លាក់ចុះ ៧,៨៤ភាគរយ បើធៀបនឹងឆ្នាំ២០១៩។

តាមរយៈពិធីថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ (សហគមន៍ ២៨ វិច្ឆិកា) និងសមិទ្ធផលកើតពីនយោនបាយ ឈ្នះ-ឈ្នះ កាលពីថ្ងៃទី ២៩ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ទោះបីជាមានបញ្ហាកូវីដ១៩ ប៉ុន្តែការនាំចេញរបស់យើងក្នុងឆ្នាំ២០២០ ទទួលបានលទ្ធផលល្អ ក្នុងនោះការនាំចេញផលិតផលកសិកម្មចំនួន ៧មុខ មានកំណើនគួរឲ្យកត់សម្គាល់។

គួររំលឹកជូនថា កាលពីឆ្នាំ២០២០កន្លងទៅនេះ កម្ពុជា បាននាំចេញកសិផលសំខាន់ៗចំនួន ៧មុខ ដែលមានដូចជា អង្ករ និងស្រូវ, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ផ្លែស្វាយ, ចេកអំបូងលឿង, មានប៉ៃលិន និងម្រេច មានតម្លៃទឹកប្រាក់សរុបប្រមាណ ៣៨៨១លានដុល្លារអាមេរិក។ នេះបើតាមតួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទន្ទឹមនឹងនោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា បាន និងកំពុងពង្រីកការនាំចេញទៅកាន់ទីផ្សារសំខាន់ជាច្រើនទៀតនៅជុំវិញពិភពលោក។ ជាក់ស្តែងការសម្រេចកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ថ្នាក់តំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងគ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីផងដែរ៕

សម្រួលដោយ៖ ង៉ែត ពិសាន្ត