លោក Honda អ្នកគ្រងដំណែង កៅអីគ្រូជម្រើសជាតិកម្ពុជា ជំនួសលោក Felix Dalmas

 យោងតាមប្រភពព័ត៍មានដ៏រសើបមួយបានឲ្យដឹងថា កៅអីគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ត្រូវបានផ្លាស់ប្ដូរថ្មីមិនមែនដឹកនាំដោយបុរសសញ្ជាតិអាហ្សង់ទីនលោក Felix Dalmas ទៀតឡើយ។ ការផ្លាស់ប្ដូរនេះបន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានប្រកាសបន្ដកុងត្រាថ្មីជាមួយលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា និងសហការីរបស់ខ្លួន នៅព្រឹកថ្ងៃទី២៤ ខែមីនាដដែលនេះ។

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា «លោក Felix អត់មានឈ្មោះបង្ហាត់ដូចមុនទេ ដោយសារមានលក្ខខណ្ឌខ្លះ អត់ត្រូវគ្នា…។ ចឹងមានគ្រូបង្វឹកថ្មីដែលមកបង្ហាត់ហ្នឹង គឺកំពុងធ្វើចត្ដាឡីស័ក ប្រហែលម៉ោង ១១ថ្ងៃត្រង់នេះ ទើបក្រសួងសុខាភិបាល គេផ្ដល់ព័ត៌មានមកថា គាត់ចេញបាន ឬមិនបាន ព្រោះគាត់ធ្វើចត្ដាឡីស័កគ្រប់ ១៤ថ្ងៃហើយថ្ងៃនេះ។ ចឹងគ្រូបង្វឹកថ្មី ដែលតំណាងឲ្យ Honda ក៏ជាជនជាតិជប៉ុនដែរ»

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា ចំពោះព័ត៌មានផ្លូវការ សហព័ន្ធនឹងធ្វើការប្រកាស បន្ទាប់ពីគ្រូបង្វឹកថ្មីខាងលើបញ្ចប់ការធ្វើចត្ដាឡីស័ក ហើយសហព័ន្ធនឹងជជែកលើការជាបន្ដបន្ទាប់ ពិសេសពាក់ព័ន្ធនឹងផែនការជ្រើសរើសកីឡាករជម្រើសជាតិ ដើម្បីហ្វឹកហាត់ត្រៀមការប្រកួតផ្សេងៗ នាពេលខាងមុខ។

គួរដឹងថា លោក Felix បានមកដឹកនាំក្រុមគោព្រៃកម្ពុជា ក្នុងនាមដៃស្ដាំរបស់លោក Keisuke Honda ក្រោយចុះកុងត្រា ២ឆ្នាំ ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីខែសីហា ឆ្នាំ២០១៨ ដល់ខែសីហា ឆ្នាំ២០២០។ ក្រោមការដឹកនាំរបស់លោក បានបន្សល់នូវស្នាដៃជាប្រវត្តិសាស្ដ្រមួយជូនកម្ពុជា គឺការជួយក្រុម U22 កម្ពុជា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលពីន ហើយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ ក្រោយប្រកួតចាញ់ក្រុម U22 មីយ៉ាន់ម៉ា ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី ៥-៤៕សម្រួលដោយ ៖ ព្រួញ ទេព