កម្ពុជានាំចេញផលិតផលកសិកម្មក្រៅពីអង្ករបានជិត១,៦លានតោនសម្រាប់២ខែដើមឆ្នាំ២០២១

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យបានឲ្យដឹងថា ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ក្នុងរយៈពេល២ខែដើមឆ្នាំ២០២១នេះ មានចំនួន១,៥៩៩,៩២២.៣៧តោន មានការកើនឡើងចំនួន៥៦៩,៤៩៣.៨៨តោន ស្មើនឹង៥៥,២៧%បើធៀបទៅនឹងឆ្នាំ២០២០ ដែលបាននាំចេញទៅកាន់គោលដៅចំនួន២៥ប្រទេស។ នេះបើតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

លោកវេង សាខុន បញ្ជាក់បន្ថែមថា ក្នុងចំណោមផលិតផលដែលបាននាំចេញទាំងអស់ មានផលិតផលមួយចំនួនបានទទួលបញ្ជាទិញបានច្រើនជាងគេមានដូចជា ទី១.ដំឡូងមីក្រៀមមានចំនួន៨០២,៤៥១.៥៦តោន។ ទី២.ដំឡូងមីស្រស់មានចំនួន១៥៤,៧៥០.០០តោន។ ទី៣.ស្រូវចំនួន ២៨៧,៨៥០.០០តោន(មិនបានឆ្លងកាត់ច្រកភូតគាមអនាម័យមានចំនួន៥៥៩,០៣៣តោន)។ ទី៤.គ្រាប់ស្វាយចន្ទីចំនួន ៧៩,៤៧៣.៥១តោន។ ទី៥.គ្រាប់ពោតក្រហមមានចំនួន៧៨,៨៥៦.១៤តោន។ ទី៦.ផ្លែចេកស្រស់ចំនួន៧៥,៦៤៥.៥៧តោន។ ទី៧.ផ្លែស្វាយស្រស់ចំនួន៤៣,៦៨០តោន។ ទី៨.ម្ទេសស្រស់ចំនួន៣២,៤១៧.១២តោន។ ទី៩.ដូងប្រេងចំនួន៧,១៧៦.៦៩តោន និងទី១០.កន្ទក់មានចំនួន៦,២៥០.០០តោន រួមទាំងផលិតផលសំខាន់ៗ៣៣មុខផ្សេងទៀតមានបរិមាណសរុបចំនួន៣១,៣៧១.២៥តោន៕