ទ្រាំលែងបានស្ត្រីម្នាក់ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនមេជាងសំណង់ម្នាក់ ខណៈហៅនាងឱ្យមកធ្វើការ បែរជា…

(ភ្នំពេញ)៖ ​ស្ត្រីម្នាក់បានមក​ប្តឹងសមត្ថកិច្ច​ឲ្យចាប់ខ្លួនបុរស​ម្នាក់ ដែលជាមេជាងសំណង់ជនជាតិវៀត​ណាម​ ខណៈបុរសរូបនោះ បាន​ហៅ​នាង​ឱ្យ​មកជួយធ្វើការ បែរ​ជា​ចាប់ឱបថើបលូកលាន់​​នាង​ជា​ច្រើន​លើកច្រើនសារ​ ដោយគិត​ថា ​នាង​មិនហ៊ានប្តឹង​ លុះធ្វើដាក់នាង​ញ៉យ​ៗដង ដោយទ្រាំលែងបាននាង​ក៏​សម្រេចចិត្ត​ប្តឹងសមត្ថកិច្ច​ឱ្យ​ចាប់​ខ្លួន​កាលពីវេលាម៉ោង ​៤និង​​៣០នាទី​រសៀលថ្ងៃទី​​​៤ ខែកុម្ភៈ ឆ្នាំ២០២១នៅ​ចំណុច​សំណង់បុរី​មួយកន្លែង ស្ថិតក្នុង​ខណ្ឌពោធិ​សែន​ជ័យ រាជធានីភ្នំពេញ។​​

​យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា បុរសដែលរងការ​ចោទប្រកាន់​​ខាងលើឈ្មោះយ៉ុង អាយុ​​ ៣៨ឆ្នាំ ជន​ជាតិ​វៀតណាម ​ជាមេជាងសំណង់ ស្នាក់នៅ​ទីតាំង​បុរី​ខាងលើ និងមានស្រុកកំណើត​នៅប្រទេស​វៀតណាម ។ ចំណែកស្ត្រីរងគ្រោះ​មានអាយុ ​​​២៧​ឆ្នាំ មុខរបរជា​កម្មករ​សំណង់ ស្នាក់នៅផ្ទះជួល ក្នុងភូមិឃុំកើតហេតុ​ខាងលើ​ មានស្រុកកំណើត​នៅ​ខេត្តកំពត ​មានប្តីជា​អ្នកម៉ៅការសំណង់ផ្លូវថ្នល់ និង​​មានកូនប្រុសស្រី​​ចំនួន​២នាក់ នៅជាមួយ​ជីដូននៅ​​ឯស្រុកកំណើត ។​

បើតាម​ប្រភពព័ត៌មានពីស្ត្រី​​​រងគ្រោះ​ បានប្រាប់​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ ឆ្លៀតពេល​ទំនេរពីការងារ​សំណង់​ជាមួយប្តី ក៏​ត្រូវ​បុរសជាជាងសំណង់ខាងលើបានហៅ​គាត់​​​ឱ្យជួយធ្វើការ​នៅការ​ដ្ឋាន​សំណង់បុរីខាងលើ ដោយប្រាប់​ថា គិតតម្លៃពលកម្ម​ឱ្យ​គាត់លើសពី​កម្មករផ្សេងទៀត ​ដោយ​​គាត់បានចូលធ្វើការ​អស់​រយៈពេល​ ៤ថ្ងៃកន្លះហើយ ។

​ស្ត្រី​​រងគ្រោះ​ បន្ត​ថា រហូត​ដល់ថ្ងៃទី​២​ ខែកុម្ភៈ ឆ្នាំ​២០២១ ខណៈពេល​គាត់កំពុង​ឈូសអាចម៌កំបោរ ស្រាប់តែ​បុរសជាជនសង្ស័យ​​ខាងលើ​ លបមកពីក្រោយ​ចាប់ឱបនិងលូកលាន់គាត់ នៅពេលគាត់ខំរើបំរះរួច គាត់​ក៏និយាយហាម​ជនសង្ស័យ​កុំឱ្យលេងដល់ថ្នាក់នឹងពេក ប៉ុន្តែ​ជនសង្ស័យ​នៅតែ​ធ្វើបែបនេះម្តងហើយម្តងទៀត ។

ស្ត្រីរងគ្រោះ​ បានបន្ថែមទៀត​ថា ក្រោយពីទទួល​រងទង្វើបែបនេះពីសំណាក់​ជនសង្ស័យ​ជា​មេជាង​រួចមក គាត់​ក៏គិត​​ក្នុង​ចិត្ត​ថា តើត្រូវ​ប្តឹង ឬ​​មិនប្តឹង ប៉ុន្តែ​មិនទាន់​សម្រេចចិត្ត​ភ្លាមៗនោះទេ ។​ រហូត​ដល់ថ្ងៃទី​៣ ខែឆ្នាំដដែល ខណៈគាត់កំពុងគិតក្នុងចិត្ត​បែបនេះបណ្តើរ ធ្វើការ​បណ្តើរ ហើយ​ក៏ភ្លេចខ្លួន ស្រាប់​តែ​​ជនសង្ស័យ​លបមកធ្វើសកម្មភាពបែបនេះម្តងទៀត ជាហេតុធ្វើឱ្យគាត់ខឹងទ្រាំលែងបាន​ ​ក៏ត្រឡប់ទៅផ្ទះវិញ ហើយ​រ៉ាយរ៉ាប់​រឿងរ៉ាវដែលបានកើតឡើង​ប្រាប់​ទៅ​បុរសជាប្តី​ឱ្យ​ដឹង។​ លុះនៅថ្ងៃ​ទី​​៤​  ពួកគាត់ក៏នាំគ្នា​ទៅប្តឹង​​សមត្ថកិច្ច​​ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះរួច​មក​ សមត្ថកិច្ច​ក៏ចុះទៅ​​​ឃាត់ខ្លួនជនសង្ស័យយកទៅសួរនាំ​តាមនីតិវិធី ។ ​

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាព​ថា ខ្លួនពិតជា​បានប្រព្រឹត្ត​ដូចការចោទប្រកាន់មែន ​ដោយគិតក្នុង​ចិត្ត​ថា ស្ត្រីរងគ្រោះមិនហ៊ានប្តឹងខ្លួន​នោះទេ។

បើតាមគោលជំហររបស់ស្ត្រីជាដើមបណ្តឹងក៏​បានប្តឹងទាមទារសំណងជំងឺ​ចិត្ត​ពីជនសង្ស័យ​ចំនួន​ ៣ពាន់ដុល្លារ និង​ប្រគល់ឱ្យសមត្ថកិច្ច​អនុវត្តតាមនីតិវិធីជាបន្តទៀតផងដែរ​៕​

សម្រួលដោយ៖ ង៉ែត ពិសាន្ត