លោក ផុស សុវណ្ណ៖ ការរីកចម្រើននៃបច្ចេកវិទ្យា ប៉ះពាល់ខ្លាំងដល់ពលរដ្ឋ ដោយាសារព័ត៌មានមិនពិត ក្លែងក្លាយ និងញុះញង់!

(ភ្នំពេញ) ៖ ភាពរីកចម្រើនលើវិស័យបច្ចេកវិទ្យា បានធ្វើឱ្យការផ្សព្វផ្សាយ និងការចែករំលែកព័ត៌មានមិនពិត ឬដំណឹងក្លែងក្លាយ ព័ត៌មានញុះញង់ ប្រព្រឹត្តទៅបានកាន់តែលឿនជាងមុនទ្វេដង ដែលប៉ះពាល់យ៉ាងធំធេងដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃដែលបង្កឱ្យមានអសណ្តាប់ធ្នាប់សង្គមជាដើម។ នេះបើតាមការលើកឡើង របស់លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន។ផុស សុវណ្ណ – ខ្មែរប៉ុស្ដិ៍ការលើកឡើងដោយមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាននេះ បានធ្វើឡើងក្នុងសិក្ខាសាលាស្តីពីការប្រើប្រាស់អ៊ិនធើណិតប្រកបដោយសុវត្ថិភាព ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដល់ភាគីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីក្រសួងបានសង្កេតឃើញថា មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផ្សព្វផ្សាយនូវព័ត៌មានមិនពិត បំផ្លើសការពិត មិនបានគោរពក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជាពិសេសការផ្សព្វផ្សាយមិនពិត ក្លែងបន្លំអំពីជំងឺកូវីដ-១៩
ដែលនាំឱ្យសាធារណៈជនយល់ខុស និងមានការសង្ស័យលើការអនុវត្តការងាររបស់អាជ្ញាធរមានសមត្ថកិច្ច និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈជាដើម។ទាក់ទងបញ្ហានេះផងដែរ លោក ផុស សុវណ្ណ បានឱ្យដឹងដែរថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្រសួងព័ត៌មាន បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ imageគណៈកម្មការនេះ មានភារកិច្ច តាមដានការផ្សាយព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយនានា និងដំណឹងមិនពិតនៅតាមបណ្តាញសង្គម និងឆ្លើយតបជូនសាធារណៈជនឱ្យទាន់ពេលវេលា តាមគ្រប់មធ្យោបាយដែលមានស្រាប់រាល់ពេលមានដំណឹង ឬព័ត៌មានក្លែងក្លាយ ដោយសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរាំងខ្ទប់គេហទំព័រ គណនីទាំងឡាយណាដែលផ្សាយព័ត៌មានមិនពិត និងចាត់វិធានការតាមច្បាប់។ទន្ទឹមនឹងនោះដែរ នៅក្នុងឆ្នាំ២០២០ ក្រុមការងាររបស់គណៈកម្មការបានស្រង់ប្រភពដែលផ្សព្វផ្សាយព័ត៌មានមិនពិត ដំណឹងក្លែងក្លាយ ញុះញង់ រិះគន់ និងជេរប្រមាថថ្នាក់ដឹកនាំ និងព្រះមហាក្សត្រ បានចំនួន ១៣៤៣ករណី។ ក្នុងនោះក្រសួងព័ត៌មាន បានអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមិនពិត មិនគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានចំនួន ២អង្គភាព មកអប់រំណែនាំ និងបានលុបអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយដែលផ្សាយព័ត៌មានបំពានច្បាប់ធ្ងន់ធ្ងរចំនួន ៣អង្គភាព ផងដែរ។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីភាពរីកចម្រើនលើវិស័យបច្ចេកវិទ្យានេះ ធ្វើឡើងដើម្បីបញ្ជ្រាបចំណេះដឹងដល់មន្ត្រីព័ត៌មាន លើការប្រើប្រាស់អ៊ិនធើណិត ចែករំលែកព័ត៌មានប្រកបដោយសុវត្ថិភាព បញ្ចៀសផលប៉ះពាល់ដល់សង្គមក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩៕

សម្រួលដោយ ៖ ឡាយ កុល