​TOP NEWS! ហាង Apple នៅចក្រភពអង់គ្លេស ប្រកាសបិទទ្វារ ដោយសារការផ្ទុះឡើងខ្លាំងនូវជំងឺកូវីដ-១៩!

 យោងតាមការចេញផ្សាយរបស់ សារព័ត៌មាន The Verge នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ  ក្រុមហ៊ុន Apple បានចាប់ផ្ដើមបិទហាងលក់ទំនិញទាំងអស់របស់ខ្លួនដែលមាននៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពី ជំងឺ រាតត្បាតកូវីដ-១៩ នៅតែបន្តវាយលុក និងកើនឡើងយ៉ាងច្រើនសន្ធឹកជារៀងរាល់ថ្ងៃ។

ក្រុមហ៊ុន Apple បានបិទហាងលក់ទំនិញរបស់ខ្លួនជាបណ្ដោះអាសន្នជាច្រើននៅក្នុងពិភពលោក កាលពីចុងឆ្នាំ ២០២០ ដូចជានៅ កាលីហ្វ័រញ៉ា ម៉ិកស៊ិក ប្រេស៊ីល និងនៅក្នុងទីក្រុងឡុងដ៍ ដោយឡែកនៅពេលនេះ បានចាប់ផ្ដើមបិទថែមទៀតនៅក្នុងប្រទេសអង់គ្លេស ស្កុតឡេន ពោលគឺបិទរាល់ហាងទាំងអស់ដែលមាននៅក្នុងទឹកដីចក្រភពអង់គ្លេស។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន 9to5Mac បានឱ្យដឹងថា ហាងដែល Apple បានបិទនោះ មានសរុបរហូតដល់ ១៨ទីតាំង ខណៈដែលកាលពីចុងឆ្នាំ មាន ២០ទីតាំងត្រូវបានបិទ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានចាប់ផ្ដើមបិទចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ រាល់ហាងនៅក្នុងចក្រភពអង់គ្លេស ប៉ុន្តែមិនបានប្រកាសថា នឹងបើកដំណើរការឡើងវិញនៅពេលណានោះទេ៕សម្រួលដោយ ៖ ឡាយ កុល