កីឡាករ ចាន់ រតនា រំពឹងថាគូប្រជែង Xie Wei ជាដៃគូដ៏ស្វិតស្វាញលើសង្វៀន ONE នាថ្ងៃទី១៨ខែនេះ

 ក្នុងព្រឹត្តិការណ៍ ONE: COLLISION COURSE នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ នៅឯប្រទេសសិង្ហបុរី ​ជើងខ្លាំងគុនចម្រុះកម្ពុជា ចាន់ រតនា បានត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយកីឡាករចិន Xie Wei ហើយ រតនា បានចាត់ទុកជើងខ្លាំងវ័យក្មេងរូបនេះ គឺជាដៃគូដ៏ស្វិតស្វាញលើសង្វៀនលំដាប់ពិភពលោកនេះ។

អ្នកលេងគុនខ្មែរវ័យ ៣៥ឆ្នាំ រូបនេះបានបញ្ជាក់ថា មុនបង្ហាញខ្លួនលើកទី១១ លើសង្វៀន ONE ក៏មិនខុសពីមុនៗដែរ ដោយខ្លួនបានសិក្សាពី Xie Wei ហើយទទួលស្គាល់កីឡាករវ័យ ២៤ឆ្នាំរូបនេះ ពិតជាល្អ ពិសេសប្រវត្តិផ្ដួលគូប្រកួតឲ្យសន្លប់ ៥ប្រកួតជាប់គ្នាក្នុងរេញលំដាប់ទី២ (Super Series) របស់ស្ថាប័ន ONE Championship)។

រតនា បន្ដថា «Xie Wei មានចំណុចល្អមួយ គឺគាត់នៅក្មេងជាងខ្ញុំ។ ម្យ៉ាងកម្លាំងគាត់ដូចរាងលះ អញ្ចឹងហើយគាត់ជាកីឡាករមួយ កំពុងលេចធ្លោលើសង្វៀន ONE ដោយសារគាត់ចូលប្រឡូករេញទី២ ហើយបានផ្ដួលដៃគូប្រកួតសន្លប់ ៥ប្រកួតជាប់គ្នា បន្ទាប់មកទើបគាត់ឡើងមកជួប Kingad ដែលជាកីឡាករលំដាប់ A របស់ហ្វីលីពីន ហើយគាត់ចាញ់ពិន្ទុទាំងប្រផិតប្រផើយ។ ចឹង Xie Wei គឺជាដៃគូដ៏ស្វិតស្វាញសម្រាប់ខ្ញុំ»

យ៉ាងណាក្ដី ម្ចាស់ក្លិបប្រដាល់ «សិល្បៈ» ខាងលើបានអះអាងថា បានត្រៀមខ្លួនរួចរាល់ សម្រាប់ជំនួបដ៏ពិសេសនេះ ដ្បិតជួបបញ្ហាបន្ដិចបន្ទួចក្នុងការហ្វឹកហាត់ត្រៀម ដោយសារវិបត្តិកូវីដ-១៩ ក៏ដោយ។ អ្វីដែលសំខាន់ ក្រៅពីផ្ដោតលើជ័យជម្នះ រតនា រំពឹងនឹងនាំមកនូវកិត្តិយសជូនជាតិ និងអ្នកគាំទ្ររបស់ខ្លួន ដែលតែងផ្ដល់កម្លាំងចិត្ត ការគាំទ្រ និងការតស៊ូលើសង្វៀនកន្លងមក។

ចាន់ រតនា បានសង្កត់ធ្ងន់ថា «ពេលខ្ញុំមានឈ្មោះប្រកួត ខ្ញុំតែងចង់ឈ្នះ តែអ្វីដែលសំខាន់ ពេលខ្ញុំឈ្នះ មិនមែនតែខ្ញុំឈ្នះទេ ខ្ញុំឈ្នះសម្រាប់ប្រទេសរបស់ខ្ញុំ ខ្ញុំឈ្នះសម្រាប់ប្រជាជនខ្មែរ ដែលស្រលាញ់ និងផ្ដល់កម្លាំងចិត្តឲ្យខ្ញុំ គឺខ្ញុំឈ្នះអាហ្នឹង ខ្លាំងជាងខ្ញុំឈ្នះដៃគូប្រកួតរបស់ខ្ញុំទៀត។ ចឹងគឺខ្ញុំចង់យកជ័យជម្នះជូនមាតុភូមិ និងបងប្អូនប្រជាជនខ្មែរ ដែលស្រលាញ់គាំទ្រខ្ញុំ។ អ្វីដែលសំខាន់ ខ្ញុំគិតទៅរកចំណុចនេះ…»

គួរដឹងថា ចាន់ បានឡើងសង្វៀន ONE ចំនួន ១០លើកមកហើយ ដោយឈ្នះ៧ និងចាញ់៣។ ប៉ុន្ដែ ៣ប្រកួតចុងក្រោយ រតនា បានឈ្នះជាប់ៗគ្នារួមមានឈ្នះកីឡាករឥណ្ឌូនេស៊ី ABRO FERNANDES, Rudy Agustian និងកីឡាករគុយបា Gustavo Balart។ ចំណែក Xie Wei ទើបឡើងសង្វៀនលំដាប់ពិភពលោកនេះបាន ៦ប្រកួតប៉ុណ្ណោះ ហើយ ៥លើកដំបូង សុទ្ធតែផ្ដួលដៃគូឲ្យសន្លប់ មុនប្រកួតចុងក្រោយចាញ់ពិន្ទុបេក្ខភាពដណ្ដើមខ្សែក្រវាត់ Danny Kingad កាលពីដើមឆ្នាំ២០២០ កន្លងទៅ៕រឿងរ៉ាវ៣យ៉ាងពីចាន់ រតនា ក្នុងកីឡាគុនចម្រុះ - កីឡាដេលី | Keila Dailyសម្រួលដោយ ៖ វិ​និច្ឆ័យ ជ័យ