ចិន បានក្លាយជាប្រទេសទី២ បន្ទាប់ពីបានយកទង់ជាតិរបស់ខ្លួន ដោតលើព្រះចន្ទ

(បរទេស)៖  ប្រទេសចិន នៅពេលថ្មីៗនេះ បានបញ្ជូនយានអវកាស Chang-e ទី៥ ទៅកាន់ភពព្រះចន្ទ និងបានចុះចតលើភពនេះ ដោយជោគជ័យ។ ក្នុងបេសកកម្មនេះ យានអវកាសរបស់ចិន ដែលគ្មានមនុស្សបើក បានដោតទង់ជាតិរបស់ប្រទេសចិននៅលើភពព្រះចន្ទផងដែរ។

ចិនបានក្លាយជាប្រទេសទី២ ដែលបានយកទង់ជាតិរបស់ខ្លួនដោតលើព្រះចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក បានដោតទង់ជាតិរបស់ខ្លួននៅលើភពព្រះចន្ទ កាលពីជាង ៥០ឆ្នាំមុន។ អ្វីដែលខុសពីបេសកកម្មរបស់ចិននោះ គឺបេសកកម្មរបស់អាមេរិក បានបញ្ជូនអវកាសយានិក ទៅដល់ភពព្រះចន្ទតែម្ដង។

ទីភ្នាក់ងារអវកាសចិន នៅពេលថ្មីៗនេះ បានបញ្ចេញរូបថត ដែលថតដោយយានអវកាសរបស់ខ្លួន បង្ហាញពីទង់ជាតិចិន នៅលើភពរណបផែនដីមួយនេះ មុនពេលដែលយានអវកាសចិន បានវិលត្រឡប់មកកាន់ផែនដីវិញកាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ជាមួយវត្ថុសំណាក សម្រាប់ការសិក្សាស្រាវជ្រាវនៅថ្ងៃខាងមុខ។

គួរបញ្ជាក់ថា អាមេរិកបានដោតទង់ជាតិលើភពព្រះចន្ទ កាលពីឆ្នាំ១៩៦៩ ដោយអវកាសយានិក Buzz Aldrin ។ ពេលនោះ អាមេរិកកំពុងយកចិត្តទុកដាក់លើបេសកកម្មអាប៉ូឡូ ដែលបានអូសបន្លាយរហូតដល់ឆ្នាំ១៩៧២។ បច្ចុប្បន្ន ទីភ្នាក់ងារអវកាស NASA អះអាងថា ទង់ជាតិអាមេរិកយ៉ាងតិច៥ កំពុងមានវត្តមាននៅលើពិភពព្រះចន្ទ៕

សម្រួលដោយ៖ ង៉ែត ពិសាន្ត