ក្រសួងកសិកម្មថា គ្មានការចាត់ចែងសិទ្ធអំណាចក្នុងការនាំចេញ-ចូលសត្វនៅកម្ពុជាឡើយ

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១១ កញ្ញា ឆ្នាំ២០២០នេះ បានប្រកាសច្រានចោលនូវការចុះផ្សាយរបស់បណ្ដាញសង្គម “Pheng Vannak News” ទាក់ទងនឹងទៅនឹងសិទ្ធិអំណាចចាត់ចែងមុខរបសជំនួញសត្វជ្រូក មាន់ ទា​ គោ ក្របី និងបានប៉ះពាល់ដល់កិច្ចការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

 

ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងបានអះអាងថា ខ្លឹមសារទាំងស្រុងដែលបានចុះផ្សាយដោយបណ្ដាញសង្គម “Pheng Vannak News” កាលពីថ្ងៃទី១០កញ្ញា គឺមិនត្រឹមត្រូវទៅតាមសភាពការណ៍ពិតជាកស្ដែងឡើយ ពិសេសគឺបានធ្វើឲ្យប៉ះពាល់ដល់ការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ម្យ៉ាងទៀតពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ក្រសួងបានបញ្ជាក់ដែរថា ការធ្វើអាជីវកម្មនាំចេញ នាំចូល នាំឆ្លងកាត់សត្វ និងផលិតផលសត្វ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនីតិវិធី និងបទដ្ឋានបច្ចេកទេសបសុព្យាបាលដូចមានចែងក្នុងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។ ម្យ៉ាងទៀតរាល់ការស្នើសុំនាំចេញ នាំចូល នាំឆ្លងកាត់សត្វ និងផលិតផលសត្វ គឺចាំបាច់ត្រូវឆ្លងកាត់ការពិនិត្យ និងផ្ដល់យោបល់ពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលជាសេនាធិការជំនាញបច្ចេកទេសរបស់ក្រសួង មុននឹងក្រសួងចេញលិខិតអនុញ្ញាត។ ពោលគឺមិនមាននរណាម្នាក់ចាត់ចែងការងារនេះជំនួសមុខឲ្យអង្គភាពជំនាញបានឡើយ។

ក្រសួងបញ្ជាក់បន្ថែមទៀតថា ដើម្បីពង្រឹងការងារគ្រប់គ្រងផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម នឹងបន្តការរឹតបន្តឹងវិធានការបច្ចេកទេស សំដៅការពារសុខភាពសាធារណៈ បង្ការ ទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺសត្វ ព្រមទាំងធានាបាននូវនិរន្តភាពនៃការផ្គត់ផ្គង់ផលិតផលសត្វប្រកបដោយគុណភាព និងសុវត្ថិភាព។

គួរបញ្ជាក់ថា ការច្រានចោលរបស់ក្រសួងកសិកម្មធ្វើឡើងបន្ទាប់ពីបណ្ដាញសង្គមហ្វេសប៊ុក “Pheng Vannak News” បានចុះផ្សាយថា “បើ​អាជីវករ​ចង់រកស៊ីនាំជ្រូកចូល​ ឬ​ នាំជ្រូក​ទៅ​វៀតណាម​ បាន​ជោគជ័យ​ ត្រូវ​សុំការ​អនុញ្ញាត​ពី​លោក​សៀក​ ឡេង​ កូន​ប្រសារ​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម​។ បណ្ដាញសង្គមដដែលនេះក៏បានបញ្ជាក់បន្ថែមទៀតថាលោកសៀក ឡេង ​មានសិទ្ធិ​អំណាច​ចាត់​ចែងមុខរបរ​ជំនួញ​ជ្រូក​ មាន់​ ទា​ គោ​ ក្របី​ គ្រប់​បែបយ៉ាង​ បើលោកសៀក ឡេង មិនឯកភាពទេ អ្នកណា​ក៏​មិនអាចរកស៊ីបានដែរ​ ជាពិសេស​គឺច្បាប់​នាំជ្រូក​ឆ្លងកាត់​ទៅ​វៀតណាម​ មាន​តែ​លោក​ទេ​ដែលមាន​អំណាច​ចាត់​ចែងបាន​៕