ទីក្រុងវូហាន នឹងបើកសាលាឡើងវិញ ទាំងអស់ នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ

(បរទេស)៖ អាជ្ញាធរក្នុងតំបន់ បាននិយាយប្រាប់ថា នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ទីក្រុងវូហាន ដែលធ្លាប់ជាទីក្រុងចិនរងការវាយប្រហារធ្ងន់ធ្ងរបំផុត ដោយមេរោគកូរ៉ូណា ហើយបច្ចុប្បន្នមានករណីឆ្លងធ្លាក់ដល់កម្រិតសូន្យនោះ នឹងបើកទ្វារឡើងវិញ នូវសាលានិងមត្តេយ្យសិក្សាទាំងអស់របស់ខ្លួនវិញ ។

នៅថ្ងៃសុក្រកន្លងទៅនេះ អាជ្ញាធរក្នុងតំបន់ តាមសេចក្តីរាយការណ៍ បានប្រកាសថា គ្រឹះស្ថានអប់រំចំនួន២.៨៤២នៅទូទាំងទីក្រុង គ្រោងនឹងបើកធ្វើទ្វារទទួលសិស្សជិត ១,៤លាននាក់ នៅពេលដែលឆមាសក្នុងរដូវស្លឹកឈើជ្រុះចាប់ប្រព្រឹត្តទៅ ហើយសាកលវិទ្យាល័យ Wuhan University នឹងបើកទ្វារឡើងវិញនៅថ្ងៃចន្ទ។

ប៉ុន្តែសាលាទាំងអស់ ត្រូវបានបញ្ជាឲ្យរក្សាឧបករណ៍គ្រប់គ្រងជម្ងឺ និងបើកវគ្គហាត់សមនិងបណ្ដុះបណ្ដាល ដើម្បីជួបត្រៀមសម្រាប់ការផ្ទុះឆ្លងជម្ងឺជាថ្មី ហើយពួកគេត្រូវតែរារាំងមិនឲ្យមានការជួបជុំគ្នាទ្រង់ទ្រាយធំដែលមិនចាំបាច់ ព្រមទាំងផ្តល់របាយការណ៍ប្រចាំថ្ងៃ ឲ្យដល់អាជ្ញាធរសុខាភិបាល៕

សម្រួលដោយ៖ ង៉ែត ពិសាន្ត