រន្ធត់ណាស់!!! យុវជនពីរនាក់ត្រូវរថយន្តហ៊ីយ៉ាន់ដាយកិនស្លាប់យ៉ាងអាណោចអាធម៍ នៅតាមបណ្ដោយផ្លូវ២០១១

(ភ្នំពេញ) ៖ នៅម៉ោង២រសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីរថយន្តបុកយុវជន ស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ នៅតាមបណ្ដោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-1726 បានធ្វើដំណើរទិសដៅពីជើងទៅត្បូង រួចឈប់ចតឡាននៅតាមបណ្ដោយផ្លូវ២០១១ ហើយក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1GW-2052 ជិះគ្នា ៣នាក់ ក្នុងល្បឿនយ៉ាងលឿន បានបុកជាមួយនឹងរថយន្តហ៊ីយ៉ាន់ដាយ ដែលចតចោលពីក្រោយខាងឆ្វេងពេញទំហឹង ហើយក៏ខ្ទាតទាំងម៉ូតូទាំងមនុស្សទៅកណ្ដាលទ្រូងផ្លូវ ចៃដន្យក៏មានលើរថយន្តមួយគ្រឿងបានធ្វើដំណើរស្របទិសគ្នា បានកិនពីលើមនុស្ស២នាក់ បណ្ដាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុហើយម្នាក់ទៀតរបួសធ្ងន់ រីឯចំណែករថយន្តបង្ករហេតុគេចបាត់ស្រមោល។

-ជនរងគ្រោះ ទី១(ស្លាប់) មានឈ្មោះ សាន វិសាល ភេទប្រុស អាយុ ១៩ឆ្នាំ ទីកន្លែងកំណើតនៅ ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ។
-ទី២(ស្លាប់) មានឈ្មោះ យន់ សីុផៃ ភេទប្រុស អាយុ១៨ឆ្នាំ ទីកន្លែងកំណើតស្រុកព្រៃឈរខេត្តកំពង់ចាមដូចគ្នា ម្នាក់ទៀតរងរបួសធ្ងន់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ក្រោយសមត្ថកិច្ចធ្វើការវាស់វែងរួចក៏ប្រគល់សាកសពជនរងគ្រោះទាំងពីរឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតរៀងៗខ្លួន៕

កែសម្រួលដោយ ៖ វិនិច្ឆ័យ ជ័យ