ករណី​ធ្លាក់​ពី​លើ​អន្ទា​សំណង់កម្ពស់ ​៧ ម៉ែត្រ​​ ស្លាប់​

​កើត​ហេតុ​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​ ១៤:៣០នាទី នៅ​ចំណុច​សំណង់​ឃ្លាំង​លក់​ម៉ូតូ ភូមិ​កណ្ដាល ឃុំ​ព្រែក អញ្ចាញ ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល ។

ជន​រងគ្រោះ​ ឈ្មោះ ពូន វណ្ណា ភេទ​ប្រុស អាយុ​ ៤១​ឆ្នាំ រស់​នៅ​ភូមិ​ត្រពាំង​ឆ្លូញ ឃុំ​ញរ័​ ស្រុក​កំពង់​រោទិ៍​ ខេត្ត​ស្វាយ​រៀង មុខ​របរ​កម្មករ​សំណង់​(ស្លាប់) ។ មក​ស្នាក់​នៅ​ធ្វើ​សំណង់​នៅ​ភូមិ-ឃុំ​កើត ហេតុ ។

មុន​ពេល​កើត​ហេតុ ជន​រង​គ្រោះ​បាន​ធ្វើ​ការ​បូក ស៊ីម៉ង់ ជញ្ជាំង ជាមួយ​ឈ្មោះ​ សោម វ៉េន​ និង​ឈ្មោះ​គង់ សុផល ដោយ​ឈរ​លើ​អន្ទា​ដែក​ក្រាល​ក្ដារ​បន្ទះ​ពីរ​សន្លឹក មាន​កម្ពស់​ ៧​ម៉ែត្រ​ទំហំ​ ២.៤៥ម៉ែត្រ ឡើង​ចំនួន ០៣ ថ្នាក់។ ក្នុង​ពេល​ឈរ​បូក​នោះ​ឈ្មោះ​ គង់​ សុផល ឈរ​នៅ​ខាង​កើត ឈ្មោះ​សោម វ៉េន ឈរ​នៅ​កណ្ដាល និង​ជនរង​គ្រោះ​ឈរ​នៅ​ខាង​លិច​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ជន​រង​គ្រោះ​បាន​ជាន់​ចុង​ក្ដារ បណ្ដាល​ឱ្យ​ក្ដារ​បះ​ធ្លាក់​ជន​រង​គ្រោះ​មក​លើ​បេតុង ហើយ​ឈ្មោះ សោម វ៉េន ក៏​ធ្លាក់​មក​តាម​ក្រោយ ក្នុង​សភាព​នោះ​ជន​រង​គ្រោះ​ធ្លាក់ បោក​ក្បាល​លើ​បេតុង​ដេក​ផ្ងារ​ដោយ​មាន​របួស បែក​ក្បាល​ធ្ងន់ធ្ងរ​។ ភ្លាម​ៗ​នោះ​កម្មករ​ដែល​ធ្វើការ​ជាមួយ​គ្នា​បាន​ជួយ​លើក​ជន​រង​គ្រោះ​ដើម្បី​យក​ទៅ​ពេទ្យ​ភ្នំពេញ ។លុះ​ដល់​វេលា​ម៉ោង ១៧:០០ នាទី ទើប​ដឹង​ថា​ជន​រងគ្រោះ​បាន​ស្លាប់​លើ​ឡាន​តាម​ផ្លូវ​ដោយ​ពុំ​បាន​យក​មក​ដល់​មន្ទីរ​ពេទ្យ​ឡើយ​ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​សមត្ថកិច្ច បាន​ចុះ​ពិនិត្យ​កន្លែង​កើត​ហេតុ​។ តាម​ការ​ពិនិត្យ​ហេតុ​ជាក់​ស្ដែង​ផ្នែក​ជំនាញ​សន្និដ្ឋាន​បាន​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​ធ្លាក់​ពី​លើ​អន្ទា​ដែក​ ក្រាល​ក្ដារ​កម្ពស់​៧ ម៉ែត្រ​បែក​បន្ទូល​ក្បាល​ផ្នែក​ខាង​ក្រោយ​មាន​ទំហំ​៥ស.ម × ៣ស.ម (ប្រេះ​លលា​ដ៏​ក្បាល​) និង មាន​របួស​ឆូត​នៅ​លើ​ចុង​ដង្ហើម​។សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕