បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារតខ្សែភ្លើងឆក់ត្រីខុសបច្ចេកទេស បែរជាឆក់ខ្លួនឯងទៅវិញ

(តាកែវ) ៖ បុរសម្នាក់បានឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលយកខ្សែភ្លើងមកតភ្លើងដើម្បីឆក់ត្រី តែអកុសល្យបែរជាឆក់ខ្លួន ឯងទៅវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ វ៉ា រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរស៊ីឈ្នួលដើរមេក្រូម៉ាស៊ីនភ្លើង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះបានយកខ្សែភ្លើងតចេញពីព្រីក្នុងបន្ទប់របស់ខ្លួន ទៅខាងក្រៅតាមមាត់បង្អួចបន្ទប់ ហើយរាយខ្សែភ្លើងដើម្បីឆក់ត្រី នៅស្រះទឹកខាងជើងផ្ទះចម្ងាយ៣០ម៉ែត្រ អកុសលក៏ឆ្លងចរន្តអគ្គិសនីឆក់ខ្លួនឯងស្លាប់យ៉ាងរន្ធត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

កែសម្រួល៖ សីហា